ក្រុមតារាចម្រៀងបុរស K-Pop បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោក ពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ របស់ប្រជាជនកម្ពុជា
ភ្នំពេញ៖ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជា ។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Na Yunjung តំណាងក្រុមហ៊ុន K’VE Entertainment ដែលបានដឹកនាំក្រុមតារាចម្រៀងបុរស K-POP ដែលកំពុងតែល្បីនៅសាធារណរដ្ឋកូរ៉េ
ក្រុម N-CHIVE និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារ និងស្នើសុំអនុសាសន៍ដឹកនាំ លើការរៀបចំកម្មវិធីតន្រី្តទេសចរណ៍ ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពពីប្រជាជនកូរ៉េ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួបប្រកបដោយស្មារតីភារតភាព និងសាមគ្គីភាព លោកស្រីតំណាងក្រុមហ៊ុន បានរាយការណ៍ជូន លោករដ្ឋមន្រ្តីពីសកម្មភាពចូលរួមចំណែក ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ទៅដល់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល ព្រមទាំងការចូលរូមជំរុញវិស័យទេសចរណ៍ របស់កម្ពុជាតាមរយៈសិល្បៈតន្រ្តី។
ទន្ទឹមនឹងនេះដែរ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែទទូលបាននូវសន្ទះគាំទ្រ ពីប្រជាជនកូរ៉េកាន់តែច្រើនឡើងនេះ ក៏បានរៀបរាប់ពីមូលហេតុរបស់ខ្លួន ដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តដ៏មុតមាំ លើការផ្តល់នូវសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិ ដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធ នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ភាពរស់រវើក និងទាក់ទាញ នៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ និងមិនអាចបំភ្លេច ក្នុងដំណើរសម្តែងរបស់ខ្លួននាឆ្នាំកន្លងមក។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុន ដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ និងទំនុកចិត្តរបស់ក្រុមហ៊ុនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាព ជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះតារាចម្រៀងកូរ៉េទាំង៦រូប ដែលបានជឿទុកចិត្តលើការដឹកនាំ និងការធានាសុខសុវត្ថិភាព ដល់ភ្ញៀវទេសចរអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរមកបំពេញការងារតន្រ្តីទេសចរណ៍ នៅប្រទេសកម្ពុជានាពេលនេះ ដោយស្នើសុំជួយផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ សុខសុវត្ថិភាព សកម្មភាពសង្គមជាប្រក្រតី សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនកម្ពុជា ដល់ប្រជាជនកូរ៉េ និងពិភពលោកផងដែរ៕ ដោយ៖ ដារាត់| ដើមអម្ពិល












Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
