លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រកាសតែងតាំង អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំជៀប និងប្រកាសបញ្ជូលសមាជិកថ្មី ចំនួន ២៥៦រូប ជាសមាជិកគណបក្ស ប្រជាជនកម្ពុជាឃុំជៀប
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង លោក សោម សុដេត ជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំជៀប និងប្រកាសបញ្ជូលសមាជិកថ្មី ចំនួន ២៥៦រូប ជាសមាជិកគណបក្ស ប្រជាជនកម្ពុជាឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជាកិច្ចចាប់ផ្ដើម លោក អ៊ិន ចន្ថា ប្រធានក្រុមការងារ គណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំជៀប បានឡើងអានរបាយការណ៍ស្វាគមន៍ អំពីស្ថានភាពភូមិសាស្ត្រ ស្ថិតិប្រជាពលរដ្ឋ និងការងារ គណបក្សក្នុងមូលដ្ឋានឃុំជៀប ដោយបានបញ្ជាក់ជូនថា នៅក្នុងឃុំជៀប មានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ ចំនួន ១ ក្នុងនោះមានគណៈកម្មាធិការសាខាបក្ស ចំនួន ២០ សមាជិកសរុប ៤ ០៥៦នាក់ ស្រី ២ ២៩៩នាក់ គ្រួសារបក្សមានចំនួន ១ ៩២៧គ្រួសារ, ក្រុមបក្សមានចំនួន ៣២៦ក្រុម។

បន្ទាប់មក លោក សាន វិសាល ប្រធានលេខាធិការដ្ឋានគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអានសេចក្តីសម្រេចស្តីពីការតែងតាំង លោក សោម សុដេត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងការប្រគល់ជូនសេចក្ដីសម្រេចជូន លោក សោម សុដេត ដោយ លោក ឆាយ ឫទ្ធិសែន។

ជាមួយគ្នានោះដែរ លោកស្រី ហែម គៀន ប្រធានគណៈកម្មាធិការគណបក្សឃុំជៀប បានអានសេចក្តីសម្រេចស្តីពីការបញ្ចូលសមាជិក សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជាដោយមានចំនួនសរុប ២៥៦រូប ស្រីចំនួន ១២៣រូប ព្រមទាំងការអញ្ជើញប្រគល់ សេចក្ដីសម្រេចបញ្ចូល សមាជិកជូនតំណាងសមាជិកថ្មី ចំនួន ១១រូប ដោយ ប្រធានគណៈអធិបតីផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោក ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងគណបក្សឃុំ ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសការបង្កើនសមាជិកគណបក្សបានយ៉ាងច្រើន ដែលជាកម្លាំងគាំទ្រដ៏រឹងមាំបន្ថែមទៀត ដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោត ។

លោក ឆាយ ឫទ្ធិសែន ក៏បានសម្ដែងការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំង ២៥៦រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវ ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះបងប្អូនសមាជិកគណបក្សនិងប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដែលតែងតែជឿជាក់ ស្រឡាញ់ និងគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ដ៏ត្រចះត្រចង់រាល់ការ បោះឆ្នោតគ្រប់ៗអាណត្តិ។

លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាលដោយបានជម្រាបជូនអង្គពិធីអំពីកត្តាចម្បងៗចំនួន ៦ ដែលជាកត្តាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំក្នុងរយៈពេល ៤៦ឆ្នាំមកនេះ រួមមាន៖ ទី១. គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព, ទី២. គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជន ស្រឡាញ់ និងជឿជាក់មកលើគណបក្ស, ទី៣. គណបក្សមានរចនាសម្ព័ន្ធ ចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់, ទី៤. គណបក្សមានជួរមន្រ្តីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌, ទី៥. គណបក្សមានការគិតគូរយ៉ាងមត់ចត់ ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន និងទី៦. គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំឥតរង្គោះរង្គើរ។

លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ជូនបន្ថែមទៀតថា សម័យ “តេជោ-ធិបតី” កម្ពុជា បាននិងកំពុងបន្ដការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលឆ្លើយតបបានទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍សកលលោក បន្ដពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០” ៕


