ព័ត៌មានជាតិ

កម្ពុជា នឹងបន្តពង្រឹងតួនាទី ក្រុមអ្នកសង្កេតការណ៍អាស៊ាន

ភ្នំពេញ ៖ លោក ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានថ្លែងអះអាងថា កម្ពុជានឹងពង្រឹងតួនាទីភារកិច្ច របស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន(AOT) ក្នុងការចុះមកពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាមានប្រសាសន៍ថា កម្ពុជា-ថៃទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកប ដោយប្រសិទ្ធភាពលើវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួមរវាងប្រទេសទាំងពីរ ដោយធ្វើការពិគ្រោះយោបល់ ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។

លោកបន្តថា ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន , គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង , ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ។

ចំពោះតួនាទីដ៏មានសារៈ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននេះ រដ្ឋមន្រ្តីការពារជាតិ បានបញ្ជាកថា “កម្ពុជាយើងនឹងបន្តពង្រឹង នូវតួនាទីភារកិច្ចក្រុម សង្កេតការណ៍អាស៊ាន ឬហៅកាត់ថា AOT ឲ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងការសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តឲ្យមានប្រសិទ្ធភាព នូវបទឈប់បាញ់ ក៏ដូចជាវិធានការណ៍នានាដែលបានការឯកភាពគ្នានាថ្ងៃនេះ” ។

ជាមួយគ្នានេះ លោកទៀ សីហា ក៏បានប្រកាសថា កម្ពុជាស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងចង់ចូលរួមផ្តល់ជំនួយជាផ្នែកបច្ចេកទេស ក្នុងការបង្កើនសមត្ថភាពដល់ក្រុម AOT ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ។

សូមបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន ហៅកាត់ថា AOT ដែលមានការគាំទ្រពីប្រទេសម៉ាឡេស៊ី ត្រូវបានបង្កើតឡើងកាលពីដើមខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីមានបទឈប់បាញ់រវាងកម្ពុជា-ថៃកាលពីលើកទី១ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចុះផ្ទៀងផ្ទាត់ស្ថានភាពព្រំដែន ៕

To Top