នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៖ បទឈប់បាញ់ រវាងកម្ពុជា-ថៃ បានតម្កល់ផលប្រយោជន៍ ជនស៊ីវិល
ភ្នំពេញ ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ ។ ដោយលោកអះអាងថា បទឈប់បាញ់នេះ បានផ្តល់ផលប្រយោជន៍ ដល់ជនស៊ីវិល ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅរសៀលថ្ងៃទី២៧ ធ្នូនេះ បានឲ្យដឹងថា លោកស្វាគមន៍ បទឈប់បាញ់ ដែលព្រមព្រៀងដោយកម្ពុជា-ថៃ ដែលចូលជាធរមាននៅម៉ោង ១២ថ្ងៃត្រង់ទី២៧ ធ្នូនេះ ។ លោកថា “ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកម្លាំងនៅនឹងកន្លែងឆ្លុះបញ្ចាំង ឱ្យឃើញពីការទទួលស្គាល់រួម ដែលតម្រូវឱ្យមានការអត់ធ្មត់ ជាសំខាន់លើផលប្រយោជន៍របស់ជនស៊ីវិល” ។
លោកបន្តថា សេចក្តីថ្លែងការណ៍រួមកំណត់នូវវិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនង ដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ បានផ្តល់ជាមូលដ្ឋានសម្រាប់ស្ថិរភាព ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តដោយស្មោះត្រង់។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបន្ថែមទៀថា នៅពេលម៉ាឡេស៊ី ប្រគល់ប្រធានអាស៊ាន ទៅហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ គឺម៉ាឡេស៊ី នឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថា កិច្ចការទាំងនេះ ត្រូវបានផ្តល់កិត្តិយស ហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ាន ជាតំបន់សន្តិភាពត្រូវបានរក្សា ៕
