ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនចំនួន៣ ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនចំនួន៣ មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។

ក្រុមហ៊ុនទាំង៣រួមមាន៖

ក្រុមហ៊ុន Ung Sim Sia Construction Co.,Ltd ដែលបានបរិច្ចាគថវិកា ចំនួន ៥០០០ដុល្លាសហរដ្ឋអាមេរិក

ក្រុមហ៊ុន M.T.A ព្រមទាំងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន បានបរិច្ចាគថវិកា ចំនួន ១ ០០០ ដុល្លាសហរដ្ឋអាមេរិក

ក្រុមហ៊ុន CHINA CONSTRUCTION MIDLAND (CAMBODIA) CO.,LTD បាននាំយកមកនៅគ្រឿងឧបរភោគនិងបរិភោគ រួមមាន៖ អង្ករ ចំនួន ៥០បាវ ១២.៥ តោន ,មី ចំនួន ៤០កេស, ទឹកបរិសុទ្ធ ចំនួន ៥០កេស និងកាហ្វេ ចំនួន ២០ប្រអប់ សម្រាប់យកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់តំណាងក្រុមហ៊ុន ដែលបានចូលរួមបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់សម្រាប់ជួយដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលដល់ការលំបាករបស់ពួកគាត់ ។ សកម្មភាពប្រកបដោយសប្បុរសធម៌នេះ គឺជាការឆ្លុះបញ្ចាំងអំពីការចេះជួយយកអាសារគ្នាក្នុងគ្រាលំបាកនៅគ្រប់កាលៈទេសៈ៕

To Top