ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ មិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំសុខភាពឡើយ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងការរំលឹកថា បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស គឺមិនទុកប្រជាពលរដ្ឋម្នាក់ណាចោល ដោយមិនទទួលបានការថែទាំសុខភាពនោះឡើយ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែ និងផ្តល់ការបូកសរុបប្រចាំឆ្នាំ២០២៥ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តើមដោយថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ សំដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ទន្ទឹមនឹងនេះ សាស្រ្តាចារ្យ បានផ្តាំផ្ញើការសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលទូទាំងប្រទេស តាមរយៈថ្នាក់ដឹកនាំ និងជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងសស្រាក់សស្រាំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ឆន្ទៈ ក្តីករុណា រឹងមាំង និងអង់អាចក្លាហាន ក្នុងការបម្រើសេវាសុខាភិបាលគ្រប់ស្ថានភាព ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំសុខភាពនោះឡើយ»។

ក្នុងឱកាសនោះ សាស្រ្តាចារ្យ បានណែនាំ និងដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិតនៃវិស័យសុខាភិបាល ដើម្បីបន្តពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ដោយត្រូវបន្តនិរន្តរភាពការងារប្រចាំថ្ងៃដែលជាបេសកកម្មរួមតែមួយ ក្នុងវិស័យសុខាភិបាល , បន្តការសហការគ្នា ស្មោះត្រង់ សាមគ្គីទំនាក់ទំនងល្អ , ត្រូវមានការជួបប្រជុំ បំពេញការងារជាក្រុមឱ្យបានសកម្ម , ត្រូវមានភាពហ្មត់ចត់ក្នុងការតាមដាន វាយតម្លៃ ណែនាំ ពន្យល់ បង្ហាត់បង្ហាញ និងការងារដល់ក្រុមការងារឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ ៕

To Top