ព័ត៌មានជាតិ

លោក វ៉ាង វិនពីន៖ សន្តិភាព គឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិន

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ។ 

លោកបន្ថែមថា បច្ចុប្បន្ន លោក Wang Yi  សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នៅខេត្តយូណានប្រទេសចិន ព្រមទាំងមានតំណាងយោធានៃប្រទេសទាំងបី ចូលរួមផងដែរ។ 

លោកបញ្ជាក់ថា យើងស្វាគមន៍បទឈប់បាញ់ ដែលប្រកាសដោយកម្ពុជានិងថៃ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ និងបង្កើត សន្តិភាពយូរអង្វែង រវាងភាគីទាំងពីរ។ 

លោក វ៉ាង វិន ពីន បានឱ្យដឹងទៀតថា ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទី ដោយសារជម្លោះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័ន។

លោកថា ថ្ងៃនេះ សម្ភារៈជំនួយដំបូងត្រូវបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និង  អាហារ។ លោកជឿជាក់ថា សម្ភារៈទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅនិងដើរចេញពីការលំបាក នាពេលបច្ចុប្បន្ន។

លោកបន្ថែមថា ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃមក ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ហើយក៏ជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ ដែលបានបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងចិននិងកម្ពុជា៕

To Top