ក្រសួងបរិស្ថាន ណែនាំឱ្យការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នារដូងប្រាំង
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីណែនាំស្ដីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្ក នូវភ្លើងឆេះព្រៃ។
បើតាមសេចក្ដីណែនាំ ក្រៅពីបាតុភូតធម្មជាតិ ដែលអាចបង្កឱ្យមាន ភ្លើងឆេះព្រៃ ប្រការដែល គួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើង ដោយសារសកម្មភាព របស់មនុស្សផ្ទាល់។ កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃ ញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំង លំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើង នៅក្នុងព្រៃដោយការធ្វេសប្រហែស របស់មនុស្ស។ល។
ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការ បាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
ដោយសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងបរិស្ថាន បានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រួមទាំងសហគមន៍ តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការដូចជា ៖ អប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាសហគមន៍ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វ និង ការប្រមូលផល អនុផលព្រៃឈើក្នុង តំបន់ការពារធម្មជាតិជាដើម។
ក្រសួង បន្ដថា ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំ កសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា នៅក្នុងឬជុំវិញសហគមន៍ តំបន់ការពារធម្មជាតិ។
ក្រសួង បន្ថែមថា ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើង ជាមធ្យោបាយក្នុងការដុត កាកសំណល់ឈើព្រៃ ក្រោម គោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀតក្នុងតំបន់ការពារធម្មជាតិ ត្រូវជូន ដំណឹងដល់មន្ទីរបរិស្ថានរាជធានី-ខេត្តសាមី ដែលជាសមត្ថកិច្ច ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេស សមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ៕
