ព័ត៌មានជាតិ

រហូតមកដល់ថ្ងៃទី២ នៃបទឈប់បាញ់ ស្ថានភាពព្រំដែន ស្ងប់ស្ងាត់

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ស្ថានការណ៍នៅ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃមានលក្ខណៈស្ងប់ស្ងាត់ល្អ ខណៈមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ហើយ ដែលបទឈប់បាញ់ បានចូលជាធរមាន ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា សភាពការណ៍នៅព្រំដែន មិនមានបញ្ហា អ្វីកើតឡើងនោះទេ ប៉ុន្តែទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បាននិងកំពុងបន្ត បំពេញតួនាទី និងតាមដានដោយយកចិត្តទុកដាក់ យ៉ាងខ្ជាប់ខ្ជួនបំផុត ។

លោកស្រីបន្តថា “សភាពការណ៍នៅជួរមុខ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងទី៥បន្ទាប់ពីកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់មក គិតមកដល់ម៉ោង៨ព្រឹកនេះ សភាពការណ៍ជួរមុខមានសភាពស្ងប់ស្ងាត់” ។

ជាមួយគ្នានេះ លោកស្រី ម៉ាលី សុជាតា អះអាងថា កម្ពុជាគូសបញ្ជាក់សាជាថ្មីនូវជំហរដោះស្រាយព្រំដែនដោយសន្តិវិធី ស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) រវាង កម្ពុជា-ថៃ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹង ខេត្តចន្ទបុរី ប្រទេសថៃ ដោយមានការ ចូលរួម សង្កេតពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរនោះ ភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នា អនុវត្តបទឈប់បាញ់ ដែលចូលជាធរមានចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ បើតាមឯកឧត្តមទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្តដោយពេញ លេញរយៈពេល៧២ម៉ោង យោធិនកម្ពុជា១៨ រូបនឹងត្រូវដោះលែង ត្រឡប់មកកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡា ឡាំពួ ដែលបានចុះ ហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

To Top