ព័ត៌មានជាតិ

កម្ពុជា-ចិន ឯកភាពពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តចំពោះមិត្តភាពដែកថែបកម្ពុជា-ចិន និងបានឯកភាពគ្នាពង្រឹងបន្ថែមទៀត នូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ កម្ពុជា-ចិន គ្រប់រដូវកាល ជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី ។

ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ជាទៀងទាត់ និងជំរុញឱ្យ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់កម្រិត និងគ្រប់វិស័យ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់រួមគ្នា ជាពិសេសការវិវត្តចុងក្រោយបំផុតពាក់ព័ន្ធ នឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមគ្នា នៅក្នុងតំបន់។

លោក វ៉ាង យី ក៏បានប្រកាស ពីការត្រៀមខ្លួនរបស់ចិន ក្នុងការផ្តល់ជំនួយមនុស្សធម៌ សម្រាប់តម្រូវការចិញ្ចឹមជីវិតរបស់ជនភៀសសឹក នៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ រួមទាំងជំនួយសង្គ្រោះបន្ទាន់ ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹក ក្នុងប្រទេសកម្ពុជា ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃថ្មីៗនេះ៕

To Top