សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចុះសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃអង្គារ ទី៣០ ធ្នូ ២០២៥ បានជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៣០ ធ្នូ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិ ការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ៕





