នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព
ភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមរំលឹកថា តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូប ត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នា រវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងដំណើរនៃការវិលត្រឡប់ របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)៕


