ទូតអូស្ត្រាលី ៖ ការដោះលែង កងទ័ពកម្ពុជា១៨រូប នឹងជួយស្ដារការជឿជាក់ និងទំនុកចិត្តកម្ពុជា-ថៃ
ភ្នំពេញ ៖ ក្រោយការដោះលែងវីរកងទ័ពកម្ពុជា ទាំង១៨រូបរួចមក ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា ការដោះលែងនេះ ជាសញ្ញាវិជ្ជមានមួយ ដែលនឹងជួយដល់ការស្ដារឡើងវិញ នូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា-ថៃ ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃ៣១ ធ្នូនេះ បានឲ្យដឹងថា ការដោះលែងយោធាកម្ពុជាដែលជាប់ឃុំទាំង១៨នាក់ នៅប្រទេសថៃ ហើយបានវិលមកដល់កម្ពុជានៅម៉ោងព្រឹកថ្ងៃ៣១ ធ្នូនេះ គឺជាជំហានវិជ្ជមានមួយ ដែលនឹងជួយស្ដារឡើងវិញ នូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា-ថៃ។
ក្នុងឱកាសដ៏ល្អដែលយោធិនកម្ពុជា មកដល់មាតុប្រទេសវិញនេះ អូស្ត្រាលីក៏បានជំរុញឱ្យភាគីទាំងពីរ បន្តគោរពតាមការប្តេជ្ញាចិត្ត ដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិសេស GBC នាថ្ងៃទី ២៧ ខែធ្នូ ចំពោះបទឈប់បាញ់។ ដោយទូតសង្កត់ធ្ងន់ថា “សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា”៕
