VM2026 ចាប់ផ្តើមជាផ្លូវការ៖ ម៉ាឡេស៊ីសូមស្វាគមន៍គ្រប់បណ្តាលប្រទេសទាំងអស់យ៉ាងកក់ក្តៅ
ខេត្តកណ្តាល៖ គូឡាឡាំពួរ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ស្វាគមន៍ឆ្នាំថ្មីជាមួយនឹងព្រឹត្តិការណ៍ស្វាគមន៍ អ្នកធ្វើដំណើរអន្តរជាតិ និងក្នុងស្រុក នៅតាមច្រកទ្វារអន្តរជាតិ និងមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ ទូទាំងប្រទេសដែលជាការចាប់ផ្តើមជាផ្លូវការនៃយុទ្ធនាការឆ្នាំ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» ឬ Visit Malaysia 2026 (VM2026)។

ព្រឹត្តិការណ៍ស្វាគមន៍នេះ ត្រូវបានផ្តល់កិត្តិយសចូលរួមពីសំណាក់លោក YB Dato Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌បានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA) ដែលជាអាកាសយានដ្ឋានមួយក្នុងចំណោមច្រកទ្វារអន្តជាតិសំខាន់ៗផ្សេងទៀត។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារម្ភឡើងក្នុងពេលដំណាលគ្នានៅតាមច្រកទ្វារអន្តជាតិសំខាន់ៗចំនួន ៥២ដែលបានជ្រើសរើសនៅទូទាំងរដ្ឋទាំង ១៣ នៃប្រទេសម៉ាឡេស៊ី។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦ មិនត្រឹមតែជាយុទ្ធនាការទេសចរណ៍នោះទេ វាគឺជាចលនាទូទាំងប្រទេសដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព ភាពកក់ក្តៅ និង វប្បធម៌ចម្រុះរបស់យើង។ ការស្វាគមន៍អ្នកដំណើរនៅថ្ងៃដំបូងនៃឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ីក្នុងការផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ ដែលមានលក្ខណៈពិសេស ច្នៃប្រឌិត និងបដិសណ្ឋារកិច្ចល្អ។

ព្រឹត្តិការណ៍ស្វាគមន៍ នាទូទាំងប្រទេសអាចប្រព្រឹត្តទៅបានតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលរដ្ឋ ក្រុមហ៊ុនអាកាសចរណ៍ អាជ្ញាធរអាកាសយានដ្ឋាន អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍ និងដៃគូយុទ្ធសាស្ត្រ។ ការចូលនេះបានរួមចំណែកគាំទ្រដល់ផ្នែកភស្តុភារ ការរៀបចំទីកន្លែង និងការឧបត្ថម្ភផ្សេងៗ។ យុទ្ធនាការស្វាគមន៍ នៅតាមអាកាសយានដ្ឋាន ចំណុចត្រួតពិនិត្យច្រកព្រំដែន និងស្ថានីយដឹកជញ្ជូនសំខាន់ៗ គឺជាសក្ខីកម្មបង្ហាញថាប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចរាល់ក្នុងការស្វាមន៍ភ្ញៀវទេសចរមកពីគ្រប់បណ្តាលប្រទេសជុំវិញពិភពលោក។

ដើម្បីញុំាងបរិយាកាសនៃព្រឹត្តិការណ៍ស្វាគមន៍ ភ្ញៀវទេសចរក្រុមដំបូងដែលបានធ្វើដំណើរមកដល់ នៅតាមទីតាំងដែលបានជ្រើសរើស ត្រូវបានស្វាគមន៍ជាមួយនឹងការសម្តែងវប្បធម៌ម៉ាឡេស៊ីដ៏រស់រវើក ក្រុមតន្ត្រី ពិព័រណ៍សហសម័យដែលលាយឡំជាមួយនឹងបេតិកភណ្ឌម៉ាឡេស៊ី រួមជាមួយនឹងការស្វាគមន៍ដោយតួអង្គម៉ាស្កូតផ្លូវការរបស់យុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ គឺ Wira និង Manja ផងដែរ។ ជាមួយគ្នានេះអ្នកធ្វើដំណើរក៏ទទួលបានវត្ថុអនុស្សាវរីយ៍នៃយុទ្ធនាការ រួមទាំងបណ្តោងម៉ាស្កូត ដែលបង្កើតជាបរិយាកាសមិនអាចបំភ្លេចបាន ដែលបានឆ្លុះបញ្ចាំងពីភាពកក់ក្តៅ ភាពចម្រុះ និងស្មារតីផ្សងព្រេង នៃប្រទេសម៉ាឡេស៊ី។

ជាផ្នែកមួយនៃយុទ្ធនាការ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» ប្រទេសម៉ាឡេស៊ីនឹងដាក់ចេញប្រតិទិនព្រឹត្តិការណ៍រយៈពេលមួយឆ្នាំពេញដែលនឹងមានព្រឹត្តិការណ៍ចម្រុះជាង ៣០០ ដែលបង្ហាញពីអត្តសញ្ញាណពហុវប្បធម៌ បេតិកភណ្ឌសិល្បៈ និងប្រពៃណីបុណ្យជាតិ។ ព្រឹត្តិការណ៍សំខាន់ៗរួមមាន ពិធីបុណ្យចូលឆ្នាំចិន VM2026 ពិធីបុណ្យ Aidilfitri VM2026 ពិធីបុណ្យ Deepavali VM2026 ពិធីបុណ្យបុណ្យណូអែល VM2026 ក៏ដូចជាការប្រារព្ធពិធីវប្បធម៌ដ៏ល្បីល្បាញដូចជាពិធីបុណ្យ Tadau Ka’amatan និងពិធីបុណ្យ Gawai។ ព្រឹត្តិការណ៍ទាំងនេះនឹងផ្តល់ជូននូវបទពិសោធន៍ដ៏សម្បូរបែបចាប់ពីក្បួនដង្ហែរវប្បធម៌ និងការតាំងពិព័រណ៍ម្ហូបអាហារ រហូតដល់ការសម្តែងប្រពៃណី ការគោរពបូជា និងពិធីបុណ្យដែលដឹកនាំដោយសហគមន៍ពេញមួយឆ្នាំ។
ប្រទេសម៉ាឡេស៊ី មានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤៧ លាននាក់តាមរយៈយុទ្ធនាការ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» ខាងមុខនេះ ដែលស្របតាមកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងវិស័យទេសចរណ៍ ដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេស។ ជាមួយនឹងបទចម្រៀងផ្លូវការ “បទពិសោធន៍ដ៏អស្ចារ្យ” របស់ខ្លួន យុទ្ធនាការនេះសន្យាថានឹងមានព្រឹត្តិការណ៍ដ៏រស់រវើករយៈពេលមួយឆ្នាំចាប់តាំងពី ការតាំងបង្ហាញពិព័រណ៍វប្បធម៌ ការតាំងពិព័រណ៍ ការប្រារព្ធពិធីសហគមន៍ និងបទពិសោធន៍ពិសេសៗរបស់ប្រទេសម៉ាឡេស៊ី។
តាមរយៈសក្តានុពលរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាគោលដៅទេសចរណ៍លំដាប់ពិភពលោក យុទ្ធនាការ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» ត្រូវបានគេរំពឹងថានឹងជំរុញការមកដល់នៃភ្ញៀវទេសចរ បង្កើតការងារធ្វើ លើកកម្ពស់មុខមាត់ជាតិជាសកល និងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់សហគមន៍។ យុទ្ធនាការនេះក៏នឹងពង្រឹង លើកកម្ពស់វប្បធម៌ និងជំរុញកំណើនវិស័យផ្សេងៗ ជាច្រើនលើសពីវិស័យទេសចរណ៍ រួមទាំងបដិសណ្ឋារកិច្ច ការដឹកជញ្ជូន ការលក់រាយ និងឧស្សាហកម្មម្ហូបអាហារ។៕




