ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់ បានជាង ២០ លានម៉ែត្រគូប ពីក្នុងរោងចក្រ ចូលប្រភពទឹកធម្មជាតិ នៅឆ្នាំ២០២៥
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្នុងពេញ ១ឆ្នាំ២០២៥ បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានា នៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន នៅកម្ពុជា បានចំនួន ២០ ០៧៤ ២៨៣ ម៉ែត្រគូប។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ បានប្រមាណ២លាន ម៉ែត្រគីបក្នុង១ខែៗ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពី ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងការគោរពច្បាប់ ជាពិសេសការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ បង្ហាញពីតម្លាភាពប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងជំរូញឱ្យមានការប្រកួតប្រជែងស្មើភាពក្នុងវិស័យឧស្សហកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា ដើម្បីធានាភាពស្អាតនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញការពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលមានសក្តានុពលប្រភពបំពុល ធានាការប្រកួតប្រជែងស្មើភាព និងបង្កើនជំនឿទុកចិត្តលើផលិតកម្មស្អាត ត្រូវអនុវត្តតាមច្បាប់កម្ពុជា ដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវ។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើភាពស្អាត ក្នុងភាពស្អាតក្នុងទឹក ស្របតាមការអនុវត្តគោល នយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងលើការគ្រប់គ្រងគុណភាពទឹក ប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះនៅក្នុងទឹក និងការពារសុខភាពសាធារណៈ៕


