ធនាគារជាតិ សុំការអនុគ្រោះ ពីជនភៀសសឹក ដោយផ្តល់អាទិភាព សម្របសម្រួលសំណើ ការលើកលែងទូទាត់ សងឥណទាន ពីអតិថិជន ជូនយោធិនជួរមុខជាមុនសិន
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានស្នើសុំការអនុគ្រោះពីជនភៀសសឹក ដោយផ្តល់អាទិភាព សម្របសម្រួលសំណើរការ លើកលែងទូទាត់សងឥណទានពីអតិថិជន ផ្ដល់ជូនយោធិនជួរមុខជាមុនសិន។
យោងតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ថា បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពី វិធានការជួយសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ ។ ធនាគារជាតិ នៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែង ទូទាត់សងឥណទាន ពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹក មានការកើនឡើងកាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការ នៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ធនាគារជាតិ នៃកម្ពុជា បានគូសបញ្ជាក់ថា «អាស្រ័យហេតុនេះ ដើម្បីលើកទឹកចិត្ត ដល់យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិ នៃកម្ពុជា ស្នើសុំការអនុគ្រោះ ពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួល សំណើរបស់យោធិនជួរមុខ ជាមុនសិន»។
ទន្ទឹមនេះសម្រាប់យោធិន ជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សូមទាក់ទងមកលេខទូរស័ព្ទហត់ឡាញរបស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្តាលដែលមានលេខ ០៨៥ ៦០០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៨ ២២០ ០០១/ ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕
