កម្ពុជាជឿជាក់ថា ការដោះលែងទាហានខ្មែរ១៨រូប នឹងរួមចំណែកកសាង ទំនាក់ទំនងកម្ពុជា-ថៃ
ភ្នំពេញ ៖ កម្ពុជាជឿជាក់ថា ការដោះលែង ទាហានកម្ពុជាទាំង១៨ រូប ដែលទទួលបានការ ស្វាគមន៍យ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី នឹង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គ្នា ទៅវិញទៅមក រវាងកម្ពុជា-ថៃ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស ចេញផ្សាយនារាត្រីថ្ងៃទី១ មករា បានរៀបរាប់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០ព្រឹក ទាហានកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន អស់រយៈពេល១៥៥ថ្ងៃ ត្រូវបានដោះលែង តាមច្រកទ្វារ ព្រំដែន អន្តរជាតិព្រំ នៅខេត្តប៉ៃលិន ។ បច្ចុប្បន្នពួកគាត់បានវិល ត្រឡប់មកលំនៅដ្ឋានវិញ ប្រកបដោយសុវត្ថិភាព ។
សេចក្តីប្រកាសព័ត៌មានបន្តថា ការដោះលែងទាហានទាំង១៨ រូបនេះ ត្រូវបានធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ , សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។
ក្រសួងបានសង្កត់ធ្ងន់ថា ការធ្វើមាតុភូមិនិវត្តន៍នេះ ត្រូវបានសង្កេតយ៉ាងដិតដល់ដោយក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC)។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រ ចំពោះគ្រប់ភាគីពាក់ ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ចំពោះការសម្របសម្រួល ដែលធានាបាននូវការវិល ត្រឡប់ប្រកបដោយ ជោគជ័យនាពេលនេះ ។ ប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ ចំពោះការគាំទ្រ ពីគ្រប់ទិសទី សម្រាប់ការដោះលែងនេះ។
ក្រសួងគូសបញ្ជាក់ថា “កម្ពុជាជឿជាក់ថា ការដោះលែង ទាហានកម្ពុជាទាំង១៨រូប ដែលទទួលបានការស្វាគមន៍ យ៉ាងខ្លាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញ ទៅមក ដោយបង្កើតបរិយាកាសឆ្ពោះទៅរកការស្តារទំនាក់ទំនងជាប្រក្រតី និងសន្តិភាពរវាង ប្រទេសទាំងពីរឡើងវិញ” ៕
