ព័ត៌មានជាតិ

កម្ពុជា មិនទាន់ទទួលស្គាល់ ការកែប្រែព្រំដែន ណាចេញពីការប្រើកម្លាំងទេ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អះអាងថា កម្ពុជា មិនទទួលស្គាល់ការកែប្រែ ខ្សែព្រំដែនណាមួយ ដែលកើតចេញ ពីការប្រើប្រាស់កម្លាំងនោះឡើយ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២ មករា នេះ លោកប៉ែន បូណា បានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែ ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធ នានាដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក។
ក្រោយមានការផ្សព្វផ្សាយ អំពីការរាយបន្លាសលួស របស់ភាគីថៃ នៅដែនអធិបតេយ្យភាពកម្ពុជា លោកបញ្ជាក់ថា “កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពី ការប្រើប្រាស់កម្លាំងនោះឡើយ” ។
លោកបន្តថា ចំពោះសកម្មភាពណា ដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀង ដែលមានកន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។

លោក ប៉ែន បូណាសង្កតធ្ងន់ថា អ្វីដែលគ្រប់បានឃើញ នៅកន្លែងមួយចំនួន តាមបណ្តោយព្រំដែន មិនមែនជាព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរទេ ។ ដូច្នេះរង់ចាំក្រុមការងារជំនាញ ប្រទេសទាំងពីរចុះវាស់វែងសិន នោះទើបជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិ ពិតប្រាកដរវាងប្រទេសទាំងពីរ៕

To Top