ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ អ្វីដែលពលរដ្ឋ បានឃើញនៅព្រំដែន មិនមែនជាព្រំដែនកម្ពុជា-ថៃទេ

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា អ្វីដែលប្រជាពលរដ្ឋ បានឃើញនៅកន្លែងមួយចំនួន តាមបណ្តោយព្រំដែន មិនមែនជាព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរទេ ។

ការលើកឡើងរបស់លោក ប៉ែន បូណា បែបនេះ ដោយសារឃើញ មានប្រជាពលរដ្ឋមួយចំនួន បានសម្តែងការមតិ ដោយបង្ហាញក្តីព្រួយបារម្ភ ចំពោះសកម្មភាពការដាក់បន្លាសលួសរបស់ភាគីថៃ ចូលដែនអធិបតេយ្យភាពកម្ពុជា នៅតែមិនទាន់ត្រូវបានដកចេញនៅឡើយ រហូតមកដល់ព្រឹកថ្ងៃទី២ ខែធ្នូ នេះ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នាព្រឹកថ្ងៃទី២ ខែមករា លោក ប៉ែន បូណា ថ្លែងថា “ចង់បញ្ជាក់ជូនជនរួមជាតិយើងថា អ្វីដែលយើងបានឃើញ នៅកន្លែងមួយចំនួន តាមបណ្តោយព្រំដែន មិនមែនជាព្រំដែន អន្តរជាតិរវាងប្រទេសទាំងពីរទេ។ សូមរង់ចាំក្រុមការងារជំនាញ ប្រទេសទាំងពីរចុះវាស់វែង សិននោះទើបជាខ្សែបន្ទាត់ព្រំដែន អន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរ” ។
ដូច្នេះលោកបានស្នើសុំ ឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត កុំអាលជ្រួលច្របល់ ។
លោកបញ្ជាក់ថា “សូមបងប្អូនជន រួមជាតិយើងយល់ ហើយស្ងប់ចិត្តនៅក្នុងកន្លែងត្រង់ហ្នឹង រង់ចាំទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទាំងនេះ” ។

សូមរំលឹកថា យោងតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀង ក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរនោះទេ៕

To Top