ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយ ដែលជាការឧបត្ថម្ភរបស់ ក្រុមហ៊ុន បេងម៉េងគ្រុប ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ សមាជិក គណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានអញ្ជើញទទួល អំណោយរបស់ ក្រុមហ៊ុន បេងម៉េងគ្រុប ដែលបានឧបត្ថម្ភថវិកាចំនួន ៣ ០០០ ដុល្លាសហរដ្ឋអាមេរិក មកចូលរួមក្នុងមូល និធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រ ដល់គ្រួសារវីរកងទ័ពឈរជើង នៅសមរភូមិជួរមុខ និងប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិច ដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃ នាពេលកន្លងមកនេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកអគ្គនាយកក្រុមហ៊ុន បេងម៉េងគ្រុប បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមក្នុងមូលនិធិសប្បុរធម៌នេះ ដើម្បីចូលរួមជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព ដែលពួកគាត់បានអនុញ្ញាតឱ្យប្ដី បង ប្អូនរបស់គាត់ទៅបំពេញបេសកកម្មនៅសមរភូមិមុខក្នុងការការពារប្រទេសជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាប្រជាពលរដ្ឋភៀសសឹកកម្ពុជា ផងដែរ ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានជម្រាបជូនថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្ដ្រី ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលក្នុងគ្រាដែលប្រជាជនខ្មែរមួយចំនួនជួបការលំបាកនេះ មានថ្នាក់ដឹកនាំ មន្រ្ដីរាជការ សប្បុរជនគ្រប់ទិសទី រួមទាំងក្រុមហ៊ុនឯកជនជាច្រើនផងដែរ រួបរួមសាមគ្គីគ្នា បង្ហាញនូវស្មារតីឯកភាពជាតិ សេ្នហាជាតិតែមួយ តាមរយៈសកម្មភាពនានា រួមទាំងការចូលរួមបរិច្ចាគនូវ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាផងដែរ ស្របតាមការអំពាវនាវរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលរូបលោកទាំងពីរជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ស្វាហាប់ និងឈ្លាសវៃ នៅគ្រប់កាលៈទេសៈ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនបន្ថែមទៀតថាអំណោយដែលក្រសួងទទួលបាននាពេលកន្លងមក ក្រសួង បានផ្ដល់ជូនទៅគ្រប់គោលដៅ ដែលសម្រាប់ចែកជូនដល់ វីរកងទ័ព គ្រួសារវីរកងទ័ព និងជនភៀសសឹក ដោយផ្ទាល់ និងតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនៅតាមព្រំដែនកម្ពុជា និងថៃ រួមមាន៖ ខេត្តព្រះវិហារ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប, ពោធិ៍សាត់ និងខេត្តកោះកុងជាដើម៕

To Top