ព័ត៌មានជាតិ

សម្តេចតេជោ ប្តេជ្ញាចិត្តបន្តធ្វើការជិតស្និទ្ធ ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តការធ្វើការងារ ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង ដើម្បីបង្កើនចំណងមិត្តភាពទ្វេភាគីរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ។

យោងតាមសារលិខិត ជាភាសាអង់គ្លេសផ្ញើទៅកាន់ នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ អបអរសាទរអស់ពីដួងចិត្ត ចំពោះលោកមីន អោងឡាំង ព្រមទាំងរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ។

លិខិតរបស់សម្តេចតេជោបន្តថា ដោយទទួលស្គាល់នូវការតាំងចិត្តយ៉ាងមុតមាំ ភាពធន់ និងការប្តេជ្ញាចិត្តរបស់ប្រទេសមីយ៉ាន់ម៉ា ចំពោះសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនរបស់ខ្លួន សម្តេចវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ទ្វេភាគីដ៏រឹងមាំរបស់កម្ពុជា-មីយ៉ាន់ម៉ា ដែលមានឫសគល់នៅក្នុងតម្លៃវប្បធម៌ និងសាសនារួមគ្នា ការគោរពគ្នាទៅវិញទៅមក និង ការយោគយល់គ្នា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។

លិខិតរបស់សម្តេចតេជោ ដដែលក៏បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេច ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកមីន អោងឡាំង ដើម្បីបង្កើនចំណងមិត្តភាពទ្វេភាគី និងពហុភាគី ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេស យើងទាំងពីរ៕

To Top