ព័ត៌មានជាតិ

លោកស្រី ម៉ាលី សុជាតា ៖ ក្រសួងការពារជាតិ កំពុងតាមដាន​ លើការអនុវត្តបទឈប់បាញ់ របស់ភាគីថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រោយបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជា កំពុងតាមដានទៅភាគីថៃ ក្នុងការអនុវត្តបទឈប់បាញ់ ខណៈកម្ពុជា-ថៃ ត្រូវតែមានទំនួលខុសត្រូវ ក្នុងការអនុវត្តបទឈប់បាញ់យ៉ាង ពេញលេញ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយមានបទឈប់បាញ់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រសួងការពារជាតិក៏បាន និងកំពុងបន្តតាមដានការគោរព និងការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងផ្សេងៗទៀត របស់ភាគីថៃដែលចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ក្នុងគោលដៅរក្សាសន្តិភាព និងសន្តិសុខ ។

លោកស្រីបន្តថា “នាងខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា វាជាការទទួលខុសត្រូវរួមរបស់ភាគីទាំងពីរក្នុងការគោរព និងការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងខាងលើ ឲ្យបានម៉ត់ចត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់” ។

ចំពោះភាពស្មោះត្រង់នេះ លោកស្រីបញ្ជាក់បន្ថែមថា ភាគីទាំងពីរត្រូវតែស្តែងចេញ តាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែពាក្យសំដីប៉ុណ្ណោះទេ។ ដូច្នេះបើសិនជាមានពាក្យសំដីណាមួយដែលប្រព្រឹត្តផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង គឺសកម្មភាពនោះ ត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីធានាដល់ការពង្រឹង និងធានានិរន្តរភាពនៃបទឈប់បាញ់ ។

ក្នុងនាមជាភាគីដែលមានទំនួលខុសត្រូវខ្ពស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កម្ពុជានឹងបន្តធ្វើការជាមួយភាគីថៃ ក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សំដៅសម្រេចឲ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង ៕

To Top