ក្នុងអំឡុងពេលនេះ តើក្រុមប្រឆាំងនៅក្រៅប្រទេស គួរធ្វើសកម្មភាពកេងចំណេញនយោបាយជាជាងគិតប្រយោជន៍ជាតិជាធំដែរឬទេ?
ភ្នំពេញ៖ មេសហជីព បានលើកឡើងថា អំឡុងពេលប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសជិតខាង គឺក្រុមគណបក្សប្រឆាំងនៅក្រៅប្រទេស តែងតែនិយាយបន្តុះបង្អាប់ បំបែកបំបាក់ផ្ទៃក្នុងជាតិខ្លួនឯង និងតែងតែបង្កើតព័ត៌មានប្រជាភិថុតិដើម្បីកេងចំណេញនយោបាយ។ ចំណែកឯអ្នកវិភាគ ក៏បានលើកឡើងថា ក្រុមអ្នកនយោបាយទាំងនោះ តែងតែផ្សព្វផ្សាយព័ត៌មានបំភាន់បោកបញ្ឆោតប្រជាពលរដ្ឋ និងបំបាក់ទឹកចិត្តកងទ័ព។
ការលើកឡើងនេះ ស្របពេលដែលក្រុមប្រឆាំងនៅក្រៅប្រទេស ត្រូវគេមើលឃើញថា មិនបានជួយជ្រោមជ្រែង ឬលើកទឹកចិត្តរាជរដ្ឋាភិបាល និងកងទ័ពនៅក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាននោះទេ ថែមទាំងបានផ្សព្វផ្សាយព័ត៌មានមិនពិតបោកបញ្ឆោតពលរដ្ឋ និងបំបាក់ទឹកចិត្តកងទ័ព ដើម្បីកេងចំណេញនយោបាយថែមទៀត។ លើសពីនេះទៀត ពួកគេក៏មិនបានធ្វើសកម្មភាពឱ្យអន្តរជាតិជួយបញ្ឈប់ការឈ្លានពានមកលើកម្ពុជា ក៏ដូចជាមិនបានចូលរួមបរិច្ចាគជួយប្រជាពលរដ្ឋជាជនភៀសសឹកផងដែរ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២ ខែមករានេះថា ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស មិនដែលធ្វើសកម្មភាពឱ្យអន្តរជាតិដាក់សម្ពាធលើប្រទេសជិតខាង ដែលបានឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជានោះទេ ហើយក៏មិនដែលអើពើពីសុខទុក្ខប្រជាពលរដ្ឋនោះដែរ។ ផ្ទុយទៅវិញ ពួកគេតែងតែនិយាយបន្តុះបង្អាប់ បំបែកបំបាក់ផ្ទៃក្នុងជាតិខ្លួនឯង និយាយមួលបង្កាច់បង្ខូចកិត្តិយសរាជរដ្ឋាភិបាល និងកងទ័ព ហើយយកចំណុចទាំងនេះទៅអត្ថាធិប្បាយវែកញែកឱ្យអន្តរជាតិយល់ខុសមកលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែន ហើយព្រមទាំងនិយាយលើកជើងសត្រូវឈ្លានពានថែមទៀត។
លោក សំ សឿន បានលើកឡើងថា «ហើយតែងតែបង្កើតនូវព័ត៌មានប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយរបស់ខ្លួនទៅវិញ ទង្វើដ៏អាក្រក់ថោកទាបរបស់ក្រុមជនក្បត់ជាតិ និងក្រុមបក្សប្រឆាំងដែលនិរទេសខ្លួននៅក្រៅប្រទេស គឺជាទង្វើដ៏អាក្រក់បំផុតដែលប្រជាជនកម្ពុជាមិនត្រូវការ ហើយប្រជាជនកម្ពុជាទូទាំងប្រទេសមានការស្អប់ខ្ពើម ចំពោះទង្វើដ៏កខ្វក់របស់ក្រុមនេះណាស់»។
ចំណែកលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ចាប់តាំងពីប្រទេសកម្ពុជារងការឈ្លានពានពីប្រទេសជិតខាង ចាប់តាំងពីខែកក្កដាមកទល់បច្ចុប្បន្ន សមាជិកគណបក្សប្រឆាំងនៅក្រៅប្រទេស ជាពិសេសលោក អ៊ុំ សំអាន តែងតែបង្ហោះវីដេអូពាក់ព័ន្ធនឹងការឈ្លានពាននេះ ដែលជាព័ត៌មានមិនពិត និងមានចរិកបោកបញ្ឆោតប្រជាជនខ្មែរ និងបំបាក់ទឹកចិត្តកងទ័ព។
លោក បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ គឺក្រុមនេះបានបង្ហោះអួតបង្ហាញពីភាពខ្លាំងក្លារបស់កងទ័ពថៃ ព្រមទាំងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា មិនយកចិត្តទុកជាមួយកងទ័ពជួរមុខ ខណៈពេលដែលស្មារតីជាតិខ្មែរកំពុងពុះកញ្ជ្រោល និងមានការបរិច្ចាគយ៉ាងច្រើនដល់ជនភៀសសឹក និងកងទ័ពរបស់កម្ពុជានៅជួរមុខ។
អ្នកវិភាគរូបនេះ បានបន្ថែមថា «ការផ្សព្វផ្សាយម្តងហើយម្តងទៀតនូវរឿងរ៉ាវបំភាន់ ឬបំបាក់ទឹកចិត្តដោយក្រុមប្រឆាំងក្នុងអំឡុងជម្លោះកម្ពុជា-ថៃ ត្រូវបានគេយល់ថា មិនមែនជាសកម្មភាពចៃដន្យនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រនយោបាយដោយចេតនា ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីជាតិ និងបំបាក់ស្មារតីជាតិ និងភាពជឿជាក់លើរដ្ឋាភិបាល»។
រីឯលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា នៅពេលដែលប្រទេសជាតិកំពុងទទួលរងនូវការឈ្លានពាន គឺប្រជាពលរដ្ឋខ្មែរមិនថាមាននិន្នាការបែបណានោះទេ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងទស្សនៈរួមមួយ ដើម្បីតទល់នឹងសត្រូវឈ្លានពាន។
លោកបណ្ឌិត បានលើកឡើងថា «ខ្ញុំមិនបានបែងចែក រើសអើងគណបក្សណាទេ ក៏ប៉ុន្តែអាហ្នឹងយើងគិតទាំងអស់គ្នាទៅ ពេលនេះប្រសិនបើយើងសង្កត់មករដ្ឋាភិបាល សង្កត់មកអាជ្ញាធររបស់យើងទៀត អាហ្នឹងវាធ្វើឱ្យកម្លាំងទាំងក្នុង ទាំងក្រៅប្រឈមជាមួយរាជរដ្ឋាភិបាលហើយ អញ្ចឹងយើងត្រូវរួបរួមនូវកម្លាំងខាងក្នុងសិន អានេះបានគេហៅថា អ្នកស្នេហាជាតិពិតប្រាកដ មិនមែនស្នេហាជាតិពេលសត្រូវឈ្លានពានយើងបែរជាវៃប្រទេសជាតិខ្លួនឯងដែរ»។
ដោយមិននិយាយចំឈ្មោះក្រុមណាមួយនោះ អ្នកជំនាញរូបនេះ កត់សម្គាល់ថា មានក្រុមអ្នកនយោបាយមួយចំនួន មិនត្រឹមតែមិនបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាល និងជួយជនភៀសសឹកនោះទេ តែថែមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល និងនិយាយហុចដងដាវឱ្យសត្រូវឈ្លានពានថែមទៀត។ លោកបណ្ឌិត យង់ ពៅ បានចាត់ទុកទង្វើនេះថា មិនមែនជាអ្នកនយោបាយដែលស្រលាញ់ជាតិពិតប្រាកដទេ តែជាអ្នកនយោបាយស្រលាញ់អំណាចផ្ទាល់ ផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់គំនុំផ្ទាល់ខ្លួន ធ្វើយ៉ាងណាឱ្យតែខ្លួនបានឈ្នះ៕
