ព័ត៌មានជាតិ

លោកស្រី ឃួន វិច្ឆិកា ៖ ក្រសួងបន្តសហការជាមួយអ្នកពាក់ព័ន្ធពិនិត្យស្ថានភាពសាលា ដើម្បីសុវត្ថិភាព

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បានថ្លែងថា ទោះបីជាសាលារៀនមូយចំនួននៅតាមបណ្តោយព្រំដែន បានបើកដំណើរការឲ្យសិស្សានុសិស្សចូលរៀនឡើងវិញយ៉ាងណាក៏ដោយ ប៉ុន្តែក្រសួង នៅតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅតាមមូលដ្ឋានដើម្បីពិនិត្យស្ថានភាពសាលាក៏ដូចជាអាវុធមិនទាន់ផ្ទុះ ដើម្បីគូតគូរពីសុវត្ថិភាពជាចម្បង ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២ មករាថា រហូតមកដល់ថ្ងៃ២ មករា ថា មានសាលារៀននៅតាមបណ្តាខេត្តមួយចំនួន បានបើកដំណើរការ នឹងមានគម្រោងបើកឲ្យសិស្សចូលរៀនវិញយ៉ាងណាក៏ដោយ ប៉ុន្តែគណៈគ្រប់គ្រងនៅតាមបណ្តាលនីមួយៗ ស្ថិតនៅតាមបណ្តោយព្រំដែនបាននិងកំពុងធ្វើការងារជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីសម្រេចចិត្តថា អាចបើកដំណើរការឡើងវិញ ឬត្រូវរង់ចាំសិន ដើម្បីពិនិត្យលើស្ថានភាពសាលារៀន និងអាវុធមិនទាន់ផ្ទះជាដើម ក្នុងគោលបំណងរក្សាសុវត្ថិភាពរបស់សិស្សនុសិស្ស និងបុគ្គលិកអប់រំទាំងអស់ ។

លោកស្រីបញ្ជាក់ថា “ការបើកដំណើរការឲ្យចូលរៀនឡើងវិញ គឺត្រូវតែពិនិត្យអំពីស្ថានភាពសាលារៀន និងពិនិត្យលើស្ថានភាពអាវុធជាតិផ្ទុះដែលនៅតែមិនទាន់ផ្ទុះនៅឡើយ ដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពដល់សិស្សានុសិស្ស និងបុគ្គលិលអប់រំ”។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះដែលជាទី៧នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃមានសាលានៅខេត្តចំនួន៤ រួមមាន ៖ បាត់ដំបង កោះកុង ឧត្តមមានជ័យនិងបន្ទាយមានជ័យ បានបើកដំណើរការឲ្យសិស្សានុសិស្សចូលរៀនឡើងវិញបណ្តើរៗខ្លះហើយ ។

ក្នុងនោះ ខេត្តបាត់បងដែលមានសាលារៀនចំនួន២៦០ផ្អាកបណ្តោះអាសន្ន ត្រូវបានបើកឡើងវិញហើយ ។ សម្រាប់ខេត្តកោះកុង បើកដំណើរការ៥១សាលាក្នុងចំណោមសាលា៦៦។ ចំណែក គ្រឹះស្ថានសិក្សាចំនួន១០១ក្នុងចំណោមគ្រឹះស្ថានសិក្សា២៦០នៅខេត្តឧត្តរមានជ័យ បានចាប់បើកដំណើរឡើងវិញដែរ ។

ដោយឡែក បន្ទាយមានជ័យវិញ តាមរយៈមន្ទីរអប់រំខេត្តបានប្រកាសថា ការបើកដំណើរការបង្រៀន និងរៀនឡើងវិញធ្វើឡើងក្នុងស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ខាងមុខ ។ ចំពោះសាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សាព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សាបន្ទាយមានឬទ្ធិ និងអនុវិទ្យាល័យបន្ទាយមានឬទ្ធី (ស្រុកថ្មពួក) ពុំទាន់អាចដំណើរការបានទេ ៕

To Top