សហជីពនៅកម្ពុជា អបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករ-និយោជិតចំនួន ២១០ដុល្លារ ក្នុងឆ្នាំ២០២៦
ភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជា បានអបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ២១០ដុល្លារ ក្នុងឆ្នាំ២០២៦ ដែលអនុវត្តចាប់ពីខែមករានេះតទៅ ហើយក្រៅពីប្រាក់ឈ្នួលពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២ ខែមករានេះថា នៅក្នុងឆ្នាំ២០២៦នេះ ក្នុងនាមជាសហជីព លោកពិតជាសប្បាយរីករាយ និងចូលរួមអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិតចំនួន ២១០ដុល្លារ ក្នុងមួយខែ។ លោកបន្តថា មិនត្រឹមតែទទួលបានប្រាក់ឈ្នួលចំនួន ២១០ដុល្លារប៉ុណ្ណោះទេ តែបងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ ក៏ទទួលបានប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

មេសហជីពរូបនេះ បន្តទៀតថា «ការផ្ដល់បន្ថែមអត្ថប្រយោជន៍ដ៏សំខាន់ គឺសមាជិក ប.ស.ស. ដោយកម្មករ-និយោជិតពេលមានជំងឺ ឬក៏គ្រោះថ្នាក់ការងារ ឬក៏ជួបឧបទ្ទវហេតុផ្សេងៗ ពួកគាត់ទៅព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់ ហើយជាពិសេសស្រ្ដីដែលសម្រាលកូន មុនពេលសម្រាលគាត់បានទៅពិនិត្យសុខភាព ៤ដង ក្រោយពេលសម្រាលរួចទៅពិនិត្យសុខភាព ៤ដង ហើយក្នុងមួយដងៗទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល មិនតែប៉ុណ្ណោះនៅពេលសម្រាលពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភ ២០០ដុល្លារពីរាជរដ្ឋាភិបាល ទទួលបាននូវប្រាក់ឈ្នួល ១២០ភាគរយ ហើយទទួលបានការព្យាបាល និងសម្រាកសម្រាលកូនដោយមិនចាំបាច់បង់ប្រាក់ថែមទៀត ផង»។

លោក សំ សឿន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាកម្មករ-និយោជិត ដោយតែងតែគិតគូរពីជីវភាពរស់នៅរបស់ពួកគាត់ ដែលធ្វើឱ្យបងប្អូនកម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលសមរម្យ និងមានអត្ថប្រយោជន៍ជាច្រើន។
ចំណែកឯលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានមានប្រសាសន៍ដែរថា ក្នុងនាមជាតំណាងកម្មករ-និយោជិត លោកសេចក្ដីសប្បាយរីករាយក្នុងឱកាសដែលបងប្អូនកម្មករ-និយោជិតនៅទូទាំងប្រទេស ទទួលបានប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ២០២៦ ចំនួន ២១០ដុល្លារ ដែលនេះជាចំនួនតួលេខបូកមួយសម្រាប់ការអបអរសាទរជូនពួកគាត់។
លោកបន្តថា «ឆ្នាំ២០២៦នេះ យើងដឹងថា ទោះតែមានបញ្ហាព្រំដែន ទោះតែមានពលករខ្មែរត្រឡប់មកពីថៃជិត ១លាននាក់ក៏ដោយ ក៏ក្រសួងការងារ ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី លោកតែងតែគិតគូរជូនទៅដល់បងប្អូនកម្មករ-និយោជិតទូទាំងប្រទេស ហើយលោករៀបចំឱកាសការងារសម្រាប់អតីតពលករដែលមកពីប្រទេសថៃវិញជិត ១លាននាក់ផងដែរ»។
ជាមួយគ្នានេះ លោក ហង្ស រ៉ាវី បានសង្កត់ធ្ងន់ថា ការដំឡើងប្រាក់ឈ្នួលក្នុងឆ្នាំ២០២៦នេះ គឺជាលេខបូកសម្រាប់បងប្អូនកម្មករ-និយោជិត ហើយក្រៅពីនេះពួកគាត់ក៏ទទួលបាននូវការបង់ជូនប្រាក់សោធន គ្រោះថ្នាក់ការងារ និង ប.ស.ស. ដែលអាចទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ។ ដូចគ្នាដែរលោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនកម្មករ-និយោជិត ជាពិសេសទៅលើការដំឡើងប្រាក់ឈ្នួលជូនពួកគាត់ជាបន្តបន្ទាប់៕
