ព័ត៌មានជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកកំពុងដកឆ្មាំជាតិចេញពីទីក្រុង Chicago, Los Angeles, Portland

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកកំពុងដកឆ្មាំជាតិចេញពីទីក្រុង Chicago, Los Angeles និង Portland រយៈពេលពីរបីថ្ងៃបន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចប្រឆាំងនឹងរដ្ឋបាលអាមេរិក នេះនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា “យើងកំពុងដកឆ្មាំជាតិចេញពីទីក្រុង Chicago, Los Angeles និង Portland ទោះបីជាការពិតដែលថាឧក្រិដ្ឋកម្មត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយមានអ្នកស្នេហាជាតិដ៏អស្ចារ្យទាំងនេះនៅក្នុងទីក្រុងទាំងនោះ ហើយដោយសារតែការពិតនោះ។ ទីក្រុង Portland, Los Angeles និង Chicago បានបាត់ទៅហើយ ប្រសិនបើមិនមែនដោយសាររដ្ឋាភិបាលសហព័ន្ធចូលអន្តរាគមន៍នោះទេ”។

លោក ដូណាល់ ត្រាំ បានលើកឡើងថា “យើងនឹងត្រលប់មកវិញ ប្រហែលជាក្នុងទម្រង់ខុសគ្នា និងខ្លាំងជាង នៅពេលដែលឧក្រិដ្ឋកម្មចាប់ផ្តើមកើនឡើងម្តងទៀត” ដោយហៅអភិបាលក្រុង និងអភិបាលរដ្ឋប្រជាធិបតេយ្យនៃតំបន់ទាំងនោះថា “គ្មានសមត្ថភាពយ៉ាងខ្លាំង”។ ការប្រកាសនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីតុលាការកំពូលបានរារាំងផែនការរបស់លោក ត្រាំ ក្នុងការបញ្ជូនឆ្មាំជាតិទៅកាន់ទីក្រុង Chicago ដើម្បីការពារភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា វាចាំបាច់ក្នុងការដាក់ពង្រាយកងកម្លាំងការពារជាតិទៅកាន់កន្លែង ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យទាំងនេះ ដោយសារតែឧក្រិដ្ឋកម្មកំពុងកើនឡើង ខណៈដែលពួកប្រជាធិបតេយ្យបានសួរអំពីហេតុផលនយោបាយនៅពីក្រោយចលនាបែបនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top