ក្រសួងការបរទេស ធ្វើបច្ចុប្បន្នភាពជូនតំណាងទូត និងអង្គការអន្តរជាតិ នៃចំនួនពលរដ្ឋខ្មែរស្លាប់ រងរបួស និងជនភៀសសឹក បង្កដោយកម្លាំងប្រដាប់អាវុធថៃ
ភ្នំពេញ ៖ លោក ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទី នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបច្ចុប្បន្នភាព ជូនតំណាងទូត និងអង្គការអន្តរជាតិនានា នៃចំនួនពលរដ្ឋខ្មែរបានស្លាប់ រងរបួស និងចំនួនជនភៀសសឹក បង្កដោយពីការវាយប្រហារ របស់កងកម្លាំងប្រដាប់អាវុធថៃ។

ការធ្វើបច្ចុប្បន្នភាពរបស់ លោក ចាន់ រតនា នាឱកាសអញ្ជើញធ្វើបទបង្ហាញ ស្តីពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែន កម្ពុជា-ថៃ ជូនតំណាងចំនួន ២៥រូប នៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនានា នៅទីក្រុងភ្នំពេញចំនួន ២២ស្ថានតំណាង នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។

បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗ៣ គឺ៖១) សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងយោធិនកម្ពុជា ទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

លោក អនុរដ្ឋលេខាធិការ បានជម្រាបពីបច្ចុប្បន្នភាព នៃចំនួនពលរដ្ឋខ្មែរ ដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី អធិបតេយ្យនិងតំបន់ជនស៊ីវិលកម្ពុជា។

ឆ្លៀតឱកាសនោះ លោក អនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ មនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក៕





