ក្រសួងការងារ៖ ឱកាសការងារចំនួន ៨១ ៧០៧កន្លែង កំពុងរង់ចាំបងប្អូន អតីតពលករ ត្រឡប់មកពីថៃ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយអំពីឱកាសការងារ ដែលនៅសល់ជាង ៨ម៉ឺនកន្លែង សម្រាប់បងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី២ ខែមករាថា ឱកាសការងារចំនួន ៨១ ៧០៧កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មក ពីប្រទេសថៃ។

ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យសំខាន់ៗចំនួន ៣ រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញ មានចំនួន ២៥ ២១២កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ១៩ ០២៣កន្លែង, ខេត្តកណ្ដាលមានចំនួន ១០ ៦៩៥កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៤កន្លែង និងខេត្តស្វាយរៀងមានចំនួន ៥ ២៥១កន្លែង។

ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់បងប្អូនអតីត ពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារងារធ្វើ សូមទាក់ទង ទៅលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយ សម្របសម្រួលស្វែងរកការងារជូន៕
