ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការដាក់ទូរកុងតឺន័រ រាយបន្លាលួស ឬដោតទង់ជាតិរបស់ភាគីថៃ មិនមែនបញ្ជាក់ថា ទីនោះជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឡើយ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស ឬដោតទង់ជាតិរបស់ភាគីថៃ មិនមែនបញ្ជាក់ថា ទីនោះជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៉ែន បូណា បានឱ្យដឹងថា ក្នុងកំឡុងពេលអនុវត្តបទឈប់បាញ់នេះ ភាគីថៃ បានធ្វើសកម្មភាពដាក់ទូរកុងតឺន័រ រាយបន្លាលួស ដោតទង់ជាតិ និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលខ្មែរក្នុងទីតាំងមួយចំនួនដែលជាសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជូនជាថ្មីថា «កម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃ»។

អ្នកនាំពាក្យ បន្ដថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ អ្នកនាំពាក្យ ថា «ដូច្នេះ សូមបញ្ជាក់ជូន ការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស ឬដោយទង់ជាតិរបស់ភាគីថៃ មិនមែនបញ្ជាក់ថា ទីនោះ ជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរឡើយ»។

អ្នកនាំពាក្យ បន្ដទៀតថា «កម្ពុជាគោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីថៃ ក៏បានអះអាងថា ខ្លួនគោរពស្មារតីនៃសេចក្តីប្រកាសរួមនេះដូចគ្នា។ ដូច្នេះ ដំណោះស្រាយដែលស្របតាមច្បាប់អន្តរជាតិនឹងកើតមាននៅពេលខាងមុខ៕

To Top