ព័ត៌មានជាតិ

លោកបណ្ឌិត ចាយ បូរិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ចែកជូនដល់គ្រួសារវីរកងទ័ព និងគ្រួសារបងប្អូនជនភៀសសឹក នៅស្រុកតំបែរ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានស្រុកតំបែរ និងលោកស្រី សូ ភត្រ្តា អមដំណើរដោយ ប្រតិភូក្រសួង និងលោកប្រធានមន្ទីរធម្មការ និងសាសនា ព្រមទាំងសប្បុរសជន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូនដល់គ្រួសារវីរកងទ័ព និងគ្រួសារបងប្អូនជនភៀសសឹក ចំនួន ២៧0 គ្រួសារ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះគ្រួសារវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែន និងបងប្អូនជនភៀសសឹក។ ជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់វីរកងទ័ព គ្រួសារវីរកងទ័ព ព្រមទាំងប្រជាជន គ្រប់ទីកន្លែង គ្រប់ពេលវេលា។ 

លោកបណ្ឌិតរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ព វីរនគរបាលជាតិ ជួរមុខកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងសូមឱ្យប្រជាពលរដ្ឋ មានជំនឿចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល និងអបអរសាទរវីរកងទ័ពទាំង ១៨នាក់ ដែលបានវិលត្រឡប់មកកាន់មាតុភូមិ និងជួបជុំក្រុមគ្រួសារជាទីស្រឡាញ់វិញ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត  អាជ្ញាធរក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានជួយមើលថែ ទំនុកបម្រុងគ្រួសារវីរកងទ័ព និងរៀបចំទីតាំងសុវត្ថិភាព ជូនគ្រួសារបងប្អូនភៀសសឹក ដោយការយកចិត្តទុកដាក់ខ្ពស់។

លោកបានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើង ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុងស្រុក និងក្រៅប្រទេស រួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ជូនដល់វីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព វីរនគរបាលជាតិ ព្រមទាំងគ្រួសារបងប្អូនជនភៀសសឹក។ សម្ភារៈទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក ដែលបងប្អូនកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាបណ្តោះអាសន្នបានមួយចំណែក។

ទន្ទឹមនឹងនេះ លោកបណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត ព្រមទាំងជឿជាក់លើវីរកងទ័ព វីរនគរបាលជាតិ ជួរមុខដ៏អង់អាចក្លាហាន  ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា។

លោករដ្ឋមន្ត្រី បណ្ឌិតចាយ បូរិន សូមគោរពសម្ដែងនូវការដឹង ចំពោះគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតគោរពជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងបន្តបេសកកម្មដឹកនាំ ពីសម្តេចតេជោ ដែលជាមគ្គទេសក៍ឯក និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណា គ្រួសារណា ឬយោធិនណា នៅឯកោនោះឡើយ ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។

គ្រឿងឧបភោគបរិភោគ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលត្រូវបាននាំយកមក ចែកជូន ដល់គ្រួសារវីរកងទ័ព វីរនគរបាល និងគ្រួសារជនភៀសសឹក ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ១កេស សម្លៀកបំពាក់ និងថវិកាមួយចំនួន៕

ដោយ៖ ជឿន សុធន /ត្បូងឃ្មុំ/ដើមអម្ពិល/

To Top