ព័ត៌មានជាតិ

ជនភៀសសឹកជាង ១ម៉ឺននាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក ១៣.៥២៧នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៣១២.៩៧៩នាក់។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីរម៉ោង ៦ល្ងាច ថ្ងៃទី២ ខែមករា ដល់ម៉ោង ១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច១ ភាគីទាំងពីរ បានបន្តអនុវត្តបទឈប់បាញ់ នាំឱ្យមានភាពស្ងប់ស្ងាត់ គិតចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី២ ខែមករា ដល់ម៉ោង ១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ។ ទន្ទឹមនឹងនេះ ពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរមានសមត្ថកិច្ចក៏កំពុងចាត់ចែងការងារ អាទិភាពជាច្រើន។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ដែលការណ៍នេះ បង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការបង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ៕

To Top