ក្រសួងមហាផ្ទៃ ៖ មានជនភៀសសឹកជាង ៤ម៉ឺនទៀត បានបន្តវិលត្រឡប់ ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក ៤៦.៤១៥នាក់ទៀត បានបន្តវិលត្រឡប់ ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ២៨០.០៩១នាក់។
នេះបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច១ ភាគីទាំងពីរបានបន្តអនុវត្តបទឈប់បាញ់ នាំឱ្យមានភាពស្ងប់ស្ងាត់ គិត ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ។ ទន្ទឹមនឹងនេះ ពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរមានសមត្ថកិច្ច ក៏កំពុងចាត់ចែងការងារ អាទិភាពជាច្រើន៕
