ឆ្នាំ២០២៥ ! ក្រសួងបរិស្ថាន ធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិជាង ២ពាន់ករណី
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតបានចំនួន ២ ១៥២ករណី។

ក្នុងនោះ បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់។

អ្នកនាំពាក្យក្រសួង បរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សកម្មភាពល្នាតកើនឡើងចំនួន ១ ៨៥៥លើក និងករណីបង្ក្រាប បទល្មើសធនធានធម្មជាតិថយចុះចំនួន ៣៩៣ ករណី បើធៀបនឹងឆ្នាំ២០២៤ ។ ក្នុងឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែន សមត្ថកិច្ចរបស់ខ្លួន បាន ១៤ ៤០៦លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៥៤៥ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥២ករណី បទល្មើសសត្វព្រៃចំនួន ៧០០ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋ ចំនួន ៧៥៤ករណី បទល្មើសនេសាទ ចំនួន ៣២៧ករណី និងបទល្មើសធនធានរ៉ែ ១២ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៣៥ករណី និងបញ្ជូនជនស្ស័យទៅតុលាការចំនួន ៩៨នាក់ ។

អ្នកនាំពាក្យរូបនេះ បានបន្តថា ការថយចុះនៃបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងជាពិសេសជាមួយអង្គការអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំ៣ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងប្រជាពលរដ្ឋនៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ធ្វើការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។

ជាមួយគ្នានេះ ស្របជាមួយគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញការអនុវត្ត «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងនោះសសរស្តម្ភទី២ គឺ«ភាពបៃតង» ដោយផ្តោតលើយុទ្ធសាស្រ្តសំខាន់ទី១ ការពង្រីកចលនាដាំឈើ និងទី២៖ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងទី៣ ការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងមានការអភិវឌ្ឍន៍ជីវភាពកាន់តែប្រសើរ៕




