ក្រសួងមហាផ្ទៃ ៖ មានជនភៀសសឹកជាង ១ម៉ឺននាក់បន្ថែមទៀត បន្តវិលទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក ១២.៤១៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមជនភៀសសឹកជាង ៦សែន ៤ម៉ឺននាក់ មាន ២៦៧.៦៧៤នាក់ បន្តស្នាក់នៅជំរំ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង ១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច១ ភាគីទាំងពីរ បានបន្តអនុវត្តបទឈប់បាញ់ នាំឱ្យមានភាពស្ងប់ស្ងាត់ គិត ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣ ដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ។
ទន្ទឹមនឹងនេះ ពលរដ្ឋភៀសសឹក បានវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរមានសមត្ថកិច្ចក៏កំពុងចាត់ចែងការងារអាទិភាពជាច្រើន៕
