ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ទាហានប្លន់យកទ្រព្យសម្បត្តិពលរដ្ឋខ្មែរ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់របស់អន្តរជាតិរបស់ទាហានថៃដែលនេះគឺជាការ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរ ។

ការលើកឡើងរបស់លោកប៉ែន បូណា នេះបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពប្លន់យកទ្រពយ្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរដែលបន្សល់ទុកក្នុងផ្ទះបន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ចំពោះទង្វើបំពានមកលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរនេះ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ ។

ជាមួយគ្នានេះ លោកបានទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាពបែបនេះ និងស្នើភាគីថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរ ក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕

To Top