រដ្ឋមន្ដ្រីអប់រំ ៖ ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់ AI គឺជាឧបករណ៍ដ៏មានសក្ដានុពល ដើម្បីបង្កើនប្រសិទ្ធភាព នៃការសិក្សា
ស្វាយរៀង ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្ដានុពល ដើម្បីបង្កើនប្រសិទ្ធភាពនៃការសិក្សា។

ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យស្វាយរៀង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ក៏អំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សា បន្តធ្វើកំណែទម្រង់ឧត្តមសិក្សា ដូចជា៖ ត្រូវបន្តពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សាឱ្យមានភាពរឹងមាំ គ្រឹះស្ថាននីមួយៗត្រូវមានក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពដឹកនាំច្បាស់លាស់ ឬការប្រែក្លាយជា គ្រឹះស្ថានសាធារណៈរដ្ឋបាល។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា គុណភាពអប់រំ ចាប់ផ្តើមពីគុណភាពសាស្ត្រាចារ្យ។ ត្រូវបន្តពង្រឹង លើកទឹកចិត្ត និងផ្ដល់ឱកាសដល់សាស្ត្រាចារ្យឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតឱ្យបានកាន់តែច្រើន និងជំរុញឱ្យមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្ដានុពល ដែលនឹងជួយដល់អ្នកប្រើប្រាស់ ជាពិសេសសាស្រ្តាចារ្យ និងនិស្សិត ឱ្យទទួលបាននូវចំណេះដឹងទូលំទូលាយ និងបង្កើនប្រសិទ្ធភាពនៃការសិក្សា។ ហេតុនេះ គ្រឹះស្ថានសិក្សាត្រូវតែរៀបចំឱ្យមាន បន្ទប់ឌីជីថលដើម្បីផ្ដល់ឱកាសឱ្យនិស្សិតបានអនុវត្តជាក់ស្តែង ឆ្លើយតបទៅនឹងនិន្នាការការងារថ្មីៗ៕
