ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបករណីគ្រឿងញៀនក្នុងរោងចំការស្វាយចន្ទី បានឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងដកហូតថ្នាំញៀន ៣៦កញ្ចប់

មណ្ឌលគិរី៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការឡោមព័ទ្ធ និងលុបបំបាត់បទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយកន្លែង នៅចំណុចរោងចំការស្វាយចន្ទី ស្ថិតក្នុងភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន។សម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ សហការដោយកម្លាំងការិយាល័យអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង ព្រមទាំងអាជ្ញាធរមូលដ្ឋាន។ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ (ប្រុស) ដែលមានទីលំនៅមកពីខេត្តក្រចេះ ព្រៃវែង និងក្នុងមូលដ្ឋានស្រុកកែវសីមាផ្ទាល់។

ក្រោយការធ្វើតេស្តទឹកនោម ជនសង្ស័យទាំង ៥នាក់ សុទ្ធតែមាន វិជ្ជមាន (+) សារធាតុញៀនប្រភេទមេតំហ្វេតាមីន។ សមត្ថកិច្ចថា វត្ថុតាងដកហូតរួមមាន៖១. គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៣៦ កញ្ចប់ (ទម្ងន់ ៣៤.៩៤ ក្រាម) ២. ម៉ូតូចំនួន ៣ គ្រឿង ៣. ទូរស័ព្ទដៃ ២ គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ជាធរមាន៕

ដោយ៖ ចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top