កញ្ចប់ Panda រួមចំណែកពង្រឹងមិត្តភាពរវាងសង្គមស៊ីវិល និងបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កម្ពុជា–ចិន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាជ្រោយសាគូរ៉ា បានរៀបចំព្រឹត្តិការណ៍ផ្តល់អំណោយកញ្ចប់ Panda Pack រួមមានកាតាបនិងសម្ភារសិក្សាដែលជាអំណោយរបស់មូលនិធិចិន CFRD តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់សិស្សានុសិស្សចំនួន៥៦២នាក់ ដើម្បីលើកទឹកចិត្តដល់ការសិក្សា និងបង្កើនកម្លាំងចិត្តក្នុងការរៀនសូត្រ។

តំណាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ៥៦២រូបនៃសាលាបឋមសិក្សាជ្រោយសាគូរ៉ា លោក គូ រចនា ប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌជ្រោយចង្វា បានជម្រាបថា កម្មវិធីនេះធ្វើឡើងក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយអត្ថន័យមនុស្សធម៌ ដែលសិស្សានុសិស្សទាំងអស់នៅក្នុងសាលាទទួលបានដោយស្មើភាពនូវកញ្ចប់ Panda រួមមានកាតាប សៀវភៅ ប៊ិច ខ្មៅដៃ និងសម្ភារសិក្សាចាំបាច់ផ្សេងៗជាច្រើនមុខ ដោយអំណោយនេះបាននិងរួមចំណែកយ៉ាងខ្លាំងជួយសម្រួលដល់ការរៀនសូត្រប្រចាំថ្ងៃរបស់សិស្សានុសិស្ស។

តាមរយៈលោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលជាមួយមូលនិធិចិន CFRD ក្នុងការផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ។

លោក អ៊ូ ផឹង (Wu Peng) ប្រធាននាយកដ្ឋានអន្តរជាតិសម្រាប់ការអភិវឌ្ឍនៃ CFRD បានបញ្ជាក់ថា កញ្ចប់ Panda មិនត្រឹមតែជាអំណោយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាសារលើកទឹកចិត្ត និងការបង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិន និងប្រជាជនកម្ពុជា ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសង្គម។

លោកក៏បានថ្លែងនូវអំណរគុណតាមរយៈលោក កឹម ច័ន្ទធូ ជូនលោក កឹមរ័ត្ន វិសិដ្ឋ ដែលតែងបានរួមចំណែកប្រកៀកស្មាជាប់ជានិច្ចជាមួយមូលនិធិចិន CFRD ក្នុងការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សកម្ពុជា។

លោកក៏បានរំលេចថា អំណោយកញ្ចប់ Panda Pack ដែលជាការបរិច្ចាគរបស់ប្រជាជនចិន គឺជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ និងការរួមចំណែករបស់សង្គមស៊ីវិលរបស់ប្រទេសចិន ដែលបាននិងកំពុងអនុវត្តជាបន្តបន្ទាប់នៅកម្ពុជា ដើម្បីប្រកៀកស្មាគ្នាជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចូលរួមលើកកម្ពស់គុណភាពអប់រំ បណ្តុះធនធានមនុស្ស និងពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន ឱ្យកាន់តែរឹងមាំ និងមានអនាគតរួមគ្នាប្រកបដោយស្នាមញញឹមនិងវិបុលភាព។

ក្នុងនាមលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក កឹម ច័ន្ទធូ បានថ្លែងថា ការផ្តល់អំណោយកញ្ចប់ Panda តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិន CFRD ចាប់តាំងពីឆ្នាំ២០១៨មក គឺជាការចូលរួមជាក់ស្តែងក្នុងការលើកកម្ពស់វិស័យអប់រំ និងការរួមចំណែកលើការវិនិយោគបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណធនធានមនុស្សកម្ពុជា ជាពិសេសបានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយបន្ថយសម្រាលបន្ទុកចំណាយរបស់ក្រុមគ្រួសារសិស្សានុសិស្ស និងបង្កើនឱកាសសិក្សាកាន់តែប្រពៃសម្រាប់កុមារកម្ពុជា។


លោកបានបន្ថែមថា មូលនិធិចិន CFRD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នឹងបន្តរួមចំណែកកាន់តែសកម្មលើការសិក្សារបស់សិស្សានុសិស្ស ហើយបន្តរួមគ្នាបានចាត់ទុកកម្មវិធីនេះថា ជាកម្លាំងចិត្តដ៏សំខាន់ជួយរួមចំណែកឱ្យសិស្សមានទំនុកចិត្ត និងឆន្ទៈក្នុងការបន្តការសិក្សាឱ្យកាន់តែប្រសើរ៕
