ក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ពីសំណាក់ទាហានថៃ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិលរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ។
លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ។
អ្នកនាំពាក្យរងបន្តថា “ការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការបង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ” ។
លោក ទូច សុឃៈ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបង្កើនការគាំទ្រខាងទស្សន ស្មារតី និងគោលជំហរជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពយោធា ប្រកបដោយអរិយភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីកម្ពុជា ។
លោកថា ជាមួយគ្នានេះដែរ កម្ពុជាបានទាមទារឱ្យភាគីថៃដកបុគ្គលិក និងសំភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ព្រំប្រទល់ដែលទទួលស្គាល់ដោយផ្លូវច្បាប់។ ក្នុងនោះ យោធាថៃត្រូវគោរពគោលការណ៍អាណត្តិចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរ ក្នុងការកំណត់ខណ្ឌសីមាព្រំដែន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោរពច្បាប់អន្តរជាតិ៕
