ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ៤កន្លែង ឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងត្បូង ៣២នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសឆបោកអនឡាញ ក្នុងទីតាំង ៤ផ្សេងគ្នា ស្ថិតនៅភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយ លោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ហារៈវត្ថុតាងកុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួន ក្នុងនោះរកឃើញថា ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជម្រិតគំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យខាងលើ មកសាកសួរបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ការតាមនីតិវិធី ៕

To Top