កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ ដល់អ្នកបើកបររថយន្តតាមដងផ្លូវ
ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ៍ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យ បានចុះអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបើកបររថយន្តគ្រប់ប្រភេទ ឲ្យបើកបរគោរពតាមផ្លាកសញ្ញាចរាចរណ៍ ពិសេសបន្ថយល្បឿនពេលដល់ផ្លូវប្រសព្វ និងបើកបរឲ្យបានត្រឹមត្រូវតាមគន្លងរបស់ខ្លួន នៅចំណុចផ្លូវវាងក្រុង ចន្លោះគីទ្បូម៉ែត្រ១៧៣-១៨០ លទ្ធផលអប់រំដល់អ្នកបើកបររថយន្តតូចធំចំនួន៥២គ្រឿង។

លោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យបានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការអប់រំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញការយល់ដឹង និងពញ្ញាក់ស្មារតីដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់អំពី បទប្បញ្ញត្តិ និងកាតព្វកិច្ចក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ មុនពេល និងអំឡុងពេលធ្វើដំណើរ។ ផ្សព្វផ្សាយនូវ ខ្លឹមសារសំខាន់ៗ រួមមានការណែនាំអំពី ការបើកបរយានយន្តគ្រប់ប្រភេទ ការពន្យល់អំពី សញ្ញាចរាចរណ៍ ផ្សេងៗ និងសារៈសំខាន់នៃការគោរពតាមសញ្ញាទាំងនោះការណែនាំឲ្យចេះ ប្រើប្រាស់ផ្លូវ ប្រកបដោយការប្រុងប្រយ័ត្ន និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

លោកនាយការិយាល័យក៏បានណែនាំឲ្យចៀសវាងពីការបើកបរក្នុងល្បឿនលឿន និងការបើកបរពេលមាន ជាតិអាល់កុល នៅក្នុងខ្លួន និងផ្សព្វផ្សាយអំពី គ្រោះថ្នាក់ និងគុណវិបត្តិ ដែលបណ្តាលមកពី សារធាតុញៀន និងលើកឡើងពី ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕






អត្ថបទនេះ÷ ស្នងការនគរបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
