កម្លាំងនគរបាលខេត្តបាត់ដំបង បានបង្រ្កាបករណីជួញដូរគ្រឿងញៀននៅស្រុកកំរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់
បាត់ដំបង៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានការអនុញ្ញាតិ និងសម្របសម្រួលលើនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ។

លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងក្នុងផែន និងកម្លាំងនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុកធ្វើការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងមូលដ្ឋានស្រុកកំរៀងខេត្តបាត់ដំបង ក្នុងនោះធ្វើការឃាត់ខ្លួន មុខសញ្ញាចំនួន ០៥នាក់ស្រីចំនួន ០១នាក់ដោយដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ២២៩,៩៧ក្រាម (ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ពេលនេះជនសង័្សយ និងវត្ថុតាងសមត្ថិកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តទោសទៅតាមផ្លូវច្បាប់៕


រូបភាព៖ ផែនការងារប្រឆាំងគ្រឿងញៀន
អត្ថបទ៖ ច័ន្ទ វិស្សាសៈ|បាត់ដំបង|ដើមអម្ពិល
