ព័ត៌មានជាតិ

លោក សុខ សូកេន រំឭកអនុស្សាវរីយ៍ប្រាសាទព្រះវិហារ និងថ្កោលទោសយោធាថៃចំពោះការឈ្លានពាន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ចបានចែករំលែករូបភាពមួយចំនួនដែលបានថតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលជាសក្ខីភាពនៃសម្រស់ដ៏ផូរផង់ និងភាពសុខសាន្តនៃប្រាសាទព្រះវិហារ មុនពេលរងការបាញ់បំផ្លាញដោយចេតនាពីសំណាក់យោធាថៃ។

លោកថែមទាំងបានរំឭកដល់ប្រវត្តិនៃការតស៊ូដ៏ស្វិតស្វាញជាងមួយសតវត្សរ៍របស់បុព្វបុរស និងថ្នាក់ដឹកនាំខ្មែរគ្រប់ជំនាន់ ជាពិសេសគឺ សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពុះពារលើឆាកអន្តរជាតិយ៉ាងសកម្ម រហូតកៀរគរបាននូវជំហរគាំទ្រយ៉ាងរឹងមាំដើម្បីដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូក្នុងឆ្នាំ២០០៨។

លោក សុខ សូកេន សម្ដែងនូវការសោកស្ដាយ និង ចូលរួមជាមួយរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពាន និងការបាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាពីសំណាក់យោធាថៃ និងសូមសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ ក្នុងអំឡុងពេលជម្លោះនាពេលកន្លងមក ព្រោះទីសក្ការៈបូជាដ៏ឧត្តុង្គឧត្តមមួយនេះមិនមែនត្រឹមតែជាស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែគឺជាដួងព្រលឹងនៃមរតកវប្បធម៌ខ្មែរ និងជាស្ថាបត្យកម្មដ៏អស្ចារ្យរបស់ពិភពលោកទាំងមូល។ ស្លាកស្នាមលើជញ្ជាំងថ្មបុរាណទាំងនេះ គឺជាការរំលឹកដ៏ឈឺចាប់នៃប្រវត្តិសាស្ត្ររួមរបស់យើង ហើយវាគឺជាការឈឺចាប់ជាទីបំផុតនៅពេលដែលសកម្មភាពយោធាថៃ បានធ្វើឱ្យប៉ះពាល់ខូចខាតដល់កន្លែងដែលជាទីសក្ការៈសម្រាប់សុខសន្តិភាព និងការគោរពបូជា ដែលយើងមានកាតព្វកិច្ចជាសកលក្នុងការថែរក្សាឱ្យបានគង់វង្ស ដោយមិនប្រកាន់ខណ្ឌសីមាព្រំដែនប្រទេសឡើយ។

លោករដ្ឋមន្រ្តីបានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នា នឹងធ្វើការប្តេជ្ញាចិត្ត ក្នុងការប្រែក្លាយតំបន់ប្រវត្តិសាស្ត្រនេះ ពីតំបន់ជម្លោះឱ្យទៅជាតំបន់នៃសុខសន្តិភាព ការអភិវឌ្ឍន៍ និងការអភិរក្សរួមគ្នាជារៀងរហូត៕

To Top