ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា ប្រាប់អង្គទូតថា កម្ពុជា-ថៃ ជាប្រទេសជិតខាង ដែលមានការទទួលខុសត្រូវរួមគ្នាដើម្បីធានាសន្តិភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងប្រាប់អង្គទូតនានាថា កម្ពុជា-ថៃ ជាប្រទេសជិតខាង ហើយនៅតែជាប្រទេសជិតខាងរហូតតទៅមុខ ដែលមានការទទួលខុសត្រូវរួមគ្នា ដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាព ចីរកាលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអំពីខ្លឹមសារបទបង្ហាញជូនអង្គទូត ស្តីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

នាឱកាសនោះ ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តពេញលេញនៃបទឈប់បាញ់ ព្រមទាំងវិធានការចាំបាច់ផ្សេងទៀតដែលបានព្រមព្រៀងគ្នា ដើម្បីតម្លាភាព ការកសាងទំនុកចិត្ត និងការជឿទុកចិត្តគ្នា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជាជ្រើសរើសយកសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងតាមផ្លូវការទូតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន៕

To Top