ព័ត៌មានជាតិ

សម្ដេចធិបតី ៖ សមត្ថកិច្ចណាលាក់បាំងជនបរទេស ឱ្យស្នាក់នៅប្រមូលផ្ដុំដោយខុសច្បាប់ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា សមត្ថកិច្ចណា មានចេតនាលាក់បាំងជនបរទេសចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌ។

យោងតាមអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

សម្ដេចធិបតី បន្ដថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅ បណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោង យ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោស ព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ»៕

To Top