អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងថា បើទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃសង្គ្រាមថៃឈ្លានពានយ៉ាងណាក៏ដោយ, លោកគ្រូ អ្នកគ្រូ ត្រូវតែបន្តដើរតួជាអ្នកនាំផ្លូវដ៏ល្អ ជាឪពុកម្តាយទីពីរ និងជាគំរូដ៏ឆ្នើមសម្រាប់សិស្សានុសិស្ស ក្នុងការផ្ទេរចំណេះដឹង ឈានទៅកសាងអនាគតដ៏រឹងមាំសម្រាប់យុវជន និងអភិវឌ្ឍមូលធនមនុស្ស ដើម្បីសង្គមជាតិយើងទាំងមូល។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកភ្នំក្រវាញ ចំនួន៦១០នាក់ និងទូទាំងស្រុកតាលោសែនជ័យ ចំនួន៤៤០នាក់ សរុបប្រមាណ ១,០៥០នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលទាំង២ទីតាំង, លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងសីលធម៌ដ៏ល្អប្រសើរ។

លោកអភិបាលខេត្តបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពខ្ពស់បំផុត ក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ គោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺបង្កើតនូវ «សាលារៀនគំរូ» ដែលមានគុណភាពពិតប្រាកដ ដើម្បីធានាថាពលរដ្ឋកម្ពុជាម្នាក់ៗមានចំណេះដឹង និងជំនាញច្បាស់លាស់ អាចប្រកួតប្រជែងក្នុងទីផ្សារការងារ និងឈានទៅចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន។



លោកអភិបាលខេត្តបន្តថា ដើម្បីប្រែក្លាយសាលារៀនរបស់យើង ឱ្យក្លាយជា «សាលារៀនគំរូ» គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទូទាំងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ក៏ដូចជាសាលារៀនដ៏ទៃផ្សេងទៀតទូទាំងខេត្ត ត្រូវរួមពួតដៃគ្នា ពង្រឹងអភិបាលកិច្ច ពង្រឹងវិធីសាស្ត្របង្រៀន ដោយផ្ដោតលើលទ្ធផលសិក្សារបស់សិស្ស និងសកម្មភាពរួមរបស់បុគ្គលិកអប់រំទាំងអស់ ជាពិសេសត្រូវដឹកនាំចលនាសិស្សានុសិស្ស ឱ្យចូលរួមរៀបចំសោភ័ណភាព បរិស្ថានសិក្សា និងបំនិនអប់រំទាំងក្នុង និងក្រៅថ្នាក់រៀន ឱ្យបានល្អប្រសើរ។


លោក ខូយ រីដា បានគូសបញ្ជាក់ថា បញ្ហាព្រំដែន កម្ពុជា-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងអនុវត្តនូវយន្តការសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវបូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន ដែរជាកិច្ចការដ៏សំខាន់ និងស្មុគស្មាញបំផុតមួយ សម្រាប់ប្រទេសជាតិ។ ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប យើងត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង ពីសត្រូវថៃឈ្លានពាន។


លោកអភិបាលខេត្តបានលើកឡើងផងដែរថា ក្នុងអាណត្តិដឹកនាំរបស់លោកបានរយៈពេលជាង៣ឆ្នាំមកនេះ លោកបានប្តេជ្ញាចិត្តខ្ពស់ ថានឹងធ្វើឱ្យខេត្តពោធិ៍សាត់ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ ។ ចំពោះការអភិវឌ្ឍខេត្តនេះទៀតសោធ មិនមែនជាភារកិច្ចរបស់លោកតែម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាការរួមគ្នារវាង រដ្ឋ និង រាស្ត្រ, ដូច្នេះលោកអភិបាលខេត្តសូមឱ្យលោកគ្រូ អ្នកគ្រូ ចូលរួមគាំទ្រដើម្បីឱ្យខេត្តពោធិ៍សាត់មានការអភិវឌ្ឍរីកចម្រើនឈានឡើង។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានចែកជូនវត្ថុកំដរដៃ ជូនដល់អ្នកចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម, ឃីត១កញ្ចប់ និងថវិកាមួយចំនួន ព្រមទាំងបន្តចុះពិនិត្យតាមដាន និងវាយតម្លៃការងារដឹកនាំ របស់គណៈគ្រប់គ្រងសាលា នៅតាមបន្ទប់សិក្សានីមួយៗ ក្នុងអនុវិទ្យាល័យសម្ដេចឪ សម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញផងដែរ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
