ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្ស មន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

ក្នុងមតិស្វាគមន៍នៃបាឋកថានេះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួង មុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងពីប្រវត្តិសិក្សា និងបទពិសោធការងាររបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ពិសេសក្នុងក្របខ័ណ្ឌក្រសួង មុខងារសាធារណៈ រួមមានការអនុវត្តវិធានការ គន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោក ក៏បានបញ្ជាក់ថា តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តលើការដឹកនាំនិងគ្រប់គ្រងលើ វិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន ដូចក្នុងកម្មវិធីបាឋកថានាព្រឹកនេះស្តីពី «ឧត្តមភាពមន្ត្រី» ដែលជាប្រធានមួយដ៏មានសារៈសំខាន់។

ជាការពិត «ឧត្តមភាពមន្ត្រី» គឺជាសញ្ញាណមួយក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវបានផ្តួចផ្តើមដោយផ្ទាល់ពី លោកឧបនាយករដ្ឋមន្ត្រី និងទទួលបានការអនុម័តក្នុងអង្គប្រជុំក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាលនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំបញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល៕

To Top