ព័ត៌មានជាតិ

ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាក មិនឲ្យផ្តល់សេវា ធនាគារថ្មីទៀតទេ

ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជាបានប្រកាសថា ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យ ផ្តល់សេវាធនាគារថ្មីទៀតនោះទេ ។

សេចក្តីជូនដំណឹងរបស់ធនាគារជាតិ នៅថ្ងៃ៨ មករានេះបានឲ្យដឹងថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជី ស្របតាមច្បាប់កម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក ។ ដូច្នេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឲ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន ។

ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អនីត-អឺខោនចឹង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ ។
ចំពោះអតិថិជន ដែលមានប្រាក់បញ្ញើ នៅធនាគារព្រីនស៍ ម.ក គឺ អាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារ ដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែង ជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។

ធនាគារជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ច បណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា៕

To Top