វីរកងទ័ពជួរមុខ ៣នាក់ និងនគរបាល១នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត ទទួលបានការឧបត្ថម្ភ យកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តកំពង់ចាម
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ពជួរមុខ ៣នាក់ និងនគរបាល ១នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

សូមបញ្ជាក់ថា វីរកងទ័ព និងនគរបាលទាំង ៤នាក់កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម មានឈ្មោះដូចខាងក្រោម ៖

១ -ឈោ្មះ រឿន ចាន់ថារី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ ចំបក់សែនជ័យ ឃីស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ,២ -ឈ្មោះ ហ៊ាប សារិទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ ពោធិ៍អាង ឃុំអញ្ចើម ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ ,៣ – ឈ្មោះ ចក់ ស៊ីផឿន ភេទប្រុស អាយុ៣៤ ទីលំនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ,៤-ឈ្មោះ ថាវ ហ័រណាំ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិចំបក់១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជានគរបាលជួរមុខ ពួកគាត់ទាំងបួននាក់មានជំងឺក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន-ថៃ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់វីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងជួរមុខរបស់យើង និងក្រើនរំលឹកឲ្យពួកគាត់ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់របស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ ឆាប់បានវិលត្រឡប់ទៅគេហដ្ឋានវិញ។


អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
