ព័ត៌មានជាតិ

កម្ពុជា ចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍ សម្រាប់ប្រតិបត្តិការ បោសសម្អាតមីនប៉ុណ្ណោះទេ តែសម្រាប់ការពារផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ។

ការចាត់ទុករបស់ លោកបណ្ឌិត លី ធុជ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីប្រគល់-ទទួលសម្ភារដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ សម្ភារទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។

ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលនៃសង្គ្រាម។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន ដែលបាននិងកំពុងបន្តគាំទ្រ ដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារ ថវិកា ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តាមរយៈការគាំទ្រនេះ ជីវិតមនុស្សរាប់មិនអស់ត្រូវបានការពារ សហគមន៍ត្រូវបានស្តារឡើងវិញ ហើយអ្នករស់រានមានជីវិត ត្រូវបានផ្តល់នូវអំណាចដើម្បីកសាងអនាគតឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ ការរួមចំណែកដ៏សំខាន់នៃ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន ដែលគាំទ្រដោយមូលនិធិពិសេស សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិន ដែលគំនិតផ្តួចផ្តើមនេះ បានបង្ហាញពីចក្ខុវិស័យរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដោយផ្អែកលើការទទួលខុសត្រូវរួម ការជួយគ្នាទៅវិញទៅមក និងការរក្សាសន្តិសុខរួមគ្នា។

ក្នុងឱកាសនោះផងដែរ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការអនុវត្តបទឈប់បាញ់ និងសម្រេចឱ្យបានសន្តិភាពចីរកាលរវាងកម្ពុជា និងថៃ តាមរយៈកិច្ចប្រជុំនៅបឹងហ្វ៊ូសៀន (Fuxian Lake) ខេត្តយូណាន។ ក្នុងនោះប្រទេសចិន បានប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយមនុស្សធម៌ ដល់សហគមន៍រងផលប៉ះពាល់ក្នុងតំបន់ព្រំដែន។ ជាក់ស្តែងថ្មីៗនេះ ចិន បានផ្តល់នូវជំនួយមនុស្សធម៌ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជួយដល់ជនភៀសសឹក ដោយសារការឈ្លានពានរបស់ថៃ៕

To Top